Wednesday, June 26, 2019

Android Q នឹង​ធ្វើ​ឲ្យ​ស្មាតហ្វូន​ទាំង​អស់ អាច​ដំណើរ​ការ​ជា​កុំព្យូទ័រ​បាន!

ប្រសិនបើយោងទៅតាម កំណែអាប់ដេតចុងក្រោយ Android Q Beta 4 គឺបានបង្ហាញឲ្យឃើញថា មុខងារថ្មីពិសេសមួយ ដែលស្រដៀងគ្នាទៅនឹង Samsung Dex ក៏កំពុងស្ថិត ក្នុងការអភិវឌ្ឍន៍ ដោយអនុញ្ញាតឲ្យស្មាតហ្វូន ដំណើរការ ជាកុំព្យូទ័របាន។ នាពេលថ្មីៗនេះ លោក Daniel Blandford ដែលត្រូវជាអ្នក Developer ជំនាញម្នាក់ បានចែករំលែកនូវ វីដេអូនៅលើឆានែល YouTube របស់គាត់ផ្ទាល់ ដោយពិពណ៌នាអំពី ការរីកចម្រើនទាក់ទងទៅនឹង មុខងារថ្មីមួយនេះ។

នាពេលបច្ចុប្បន្ននេះ ត្រូវបានគេស្គាល់ថា “Flow Desktop” ហើយដូច ដែលបានរៀបរាប់ នៅខាងក្នុងវីដេអូនោះ គឺថាប្រទះឃើញមាន កំហុសច្រើននៅឡើយ ហេតុដោយសារតែ ប្រព័ន្ធប្រតិបតិ្តការ Android Q ក៏មិនទាន់រួចរាល់ផងដែរ។ កំណែអាប់ដេតទៅកាន់ Android Q នឹងក្លាយជា ជំនាន់ដំបូងបង្អស់ ដែលផ្ដល់ជូននូវ មុខងារ Desktop Mode មកស្រាប់តែម្ដង ក៏ប៉ុន្ដែក្រុមការងារ Samsung បានចាប់ផ្ដើមធ្វើការលើ DeX ដែលជាមុខងារស្រដៀងគ្នានេះ ជាយូរណាស់មកហើយ។ ខណៈពេលកំពុងកសាង មុខងារថ្មីពិសេសនេះ លោក Daniel Blandford បានប្រើប្រាស់ ស្មាតហ្វូនម៉ូឌែល Essential Phone ភ្ជាប់ជាមួយម៉ូនីទ័រកុំព្យូទ័រ និងតភ្ជាប់ក្ដារចុចដោយ Bluetooth ដើម្បីធ្វើការបញ្ជា ថែមទៀតផង។ ជាអកុសល អ្នកទាំងអស់គ្នា មិនទាន់អាចសាកល្បង ប្រើប្រាស់មុខងារនេះ បានដោយខ្លួនឯងនៅឡើយ បើទោះបីជា ស្មាតហ្វូនរបស់អ្នក កំពុងដំណើរការលើ Android Q Beta 4 យ៉ាងណាក៏ដោយ ពីព្រោះលោក Daniel Blandford បានប្រើប្រាស់កម្មវិធី Android Launcher ដែលបានបង្កើតឡើង ដោយខ្លួនគាត់ផ្ទាល់ និងមានដំណោះស្រាយឲ្យអាច ដំណើរការជាកុំព្យូទ័របាន។ 

 ***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពីមុខងារ Desktop Mode មាននៅលើ Android Q៖

សរុបមក ការធ្វើតេស្ដសាកល្បង ដោយលោក Daniel Blandford គឺបានផ្ដល់ឱកាស ឲ្យយើងឃើញថាមុខងារ Desktop Mode នឹងមានសារៈសំខាន់ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ក្នុងពេលអនាគត។ នៅពេលដែល ប្រព័ន្ធប្រតិបត្តិការ Android Q ចេញជាផ្លូវការ នោះស្មាតហ្វូន Android របស់លោកអ្នក នឹងអាចកាន់តែមានអត្ថប្រយោជន៍ ដោយអាចដើរតួជាកុំព្យូទ័រ Desktop ទូទៅ បានថែមទៀត។

No comments:

Post a Comment