សារព័ត៌មាន ក្យូដូ បានផ្សាយថា ប្រជាជនជាង ១,២៤លាននាក់ ស្ថិតនៅភាគនិរតី នៃដែនកោះ Kyushu ប្រទេសជប៉ុន ត្រូវបានភៀសខ្លួនចេញជាបន្ទាន់ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ដោយសារតែរងនូវការគំរាមកំហែង ពីគ្រោះទឹកជំនន់ និងការបាក់ដី បន្ទាប់ពីភ្លៀងធ្លាក់មកយ៉ាងខ្លាំងពេក។
ប្រភពបន្តថា ប្រជាជនទាំងអស់ រស់នៅទីក្រុងកាហ្គោស៊ីម៉ា ( Kagoshima), ទីក្រុងអាម៉ាគូសា (Amakusa) និងទីក្រុងអ៊ីរ៉ា (Ira) ដែលស្ថិតនៅលើដែនកោះ Kyushu សរុបប្រហែល ៧៦០ ០០០ នាក់ ត្រូវបានអាជ្ញាធរពាក់ព័ន្ធណែនាំឲ្យភៀសខ្លួនភ្លាមៗ ចេញពីលំនៅឋានរបស់ពួកគេ ដើម្បីទៅរកទីមានសុវត្ថិភាព។
ប្រភពព័ត៌មានដដែល បានបន្តថា តំបន់ដែលមានការជម្លៀសប្រជាពលរដ្ឋនោះ មានផ្ទះប្រមាណ៥៨ពាន់ខ្នង ដែលមានប្រជាជន រស់នៅជាង១,២៤លាននាក់ ។
គ្រោះទឹកជំនន់ និងការបាក់ដី នៅតែបន្តកើតមាន នៅក្នុងប្រទេសជប៉ុន ដោយសារតែភ្លៀងធ្លាក់ខ្លាំង ហើយភ្លៀងចេះតែបន្តធ្លាក់ឥតឈប់ នៅក្នុងតំបន់ខាងលើនេះ ទើបធ្វើឲ្យប្រជាពលរដ្ឋជប៉ុនរងនូវទុក្ខលំបាកយ៉ាងខ្លាំង។
បណ្តាញទូរទស្សន៍ NHK TV បានផ្សាយថា នៅក្នុងគ្រោះធម្មជាតិដ៏អាក្រក់ខាងលើនេះ មានស្ត្រីវ័យចំណាស់ម្នាក់បានបាត់បង់ជីវិត ដោយសារលំនៅឋានរបស់គាត់ នៅទីក្រុង Kagoshima ត្រូវបាក់ដីសង្កត់ពីលើ ខណៈគាត់រត់ព្យាយាមចេញមិនទាន់។
អាជ្ញាធរ នៅក្នុងតំបន់ បានប្រកាសថា បញ្ហាទឹកជំនន់ និងការបាក់ដី នៅតែបន្តគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជប៉ុន ដែលរស់នៅក្នុងតំបន់នោះ។ ដោយឡែក អ្នកស្រុកទាំងអស់ត្រូវអាជ្ញាធរស្នើឲ្យភៀសខ្លួន ចេញទៅរកទីជម្រកមានសុវត្ថិភាព ដោយស្នាក់នៅបណ្តោះអាសន្ន នៅតាមសាលារៀន អគារស្ថាប័នរដ្ឋ នៅក្នុងតំបន់នោះ ដើម្បីគេចខ្លួនឲ្យផុតពីគ្រោះមន្ដរាយជាយថាហេតុ ៕
No comments:
Post a Comment